ត្រាញ់ទិះ វាលធំ
សាកស្រមៃថាមានផ្ទាំងគំនូរមួយដែលមានពន្លឺព្រះអាទិត្យពេលថ្ងៃរះដ៏ស្រទន់ចាំងរស្មីលើជួរភ្នំជាច្រើនបន្តកន្ទុយគ្នាប្រៀបបាននឹងទឹករលក។ រូបភាពនេះវាល្អស្អាតពេករហូតដល់យើងគិតថាវាមិនមាននៅលើផែនដីយើងនេះទេ។ តាមពិតទៅយើងមិនចាំបាច់ស្រមៃទេព្រោះរូបភាពបែបនេះមាននៅតំបន់មួយនាខេត្តរតនគិរី។ តំបន់នោះមានឈ្មោះថា វាលធំ ឬហៅតាមភាសាតំបន់ថាត្រាញ់ទិះ។ ត្រាញ់ទិះជាពាក្យភាសាជនជាតិដើមភាគតិចព្រៅ ដោយត្រិញមានន័យថាវាល ហើយទិះមានន័យថាធំ។ ពេលឡើងទៅដល់វាលធំ គេនឹងឃើញវាលស្មៅដ៏ធំល្វឹងល្វើយ ព័ទ្ធជុំវិញដោយជួរភ្នំ បង្កើតបានជាទិដ្ឋភាពមួយដ៏ស្រស់ស្អាតរកពាក្យមករ៉ាយរ៉ាប់មិនដូចបានឃើញផ្ទាល់ភ្នែក។ ផ្នែកខ្លះនៃភ្នំដែលយើងមើលឃើញនៅវាលធំគឺជាភ្នំដែលស្ថិតនៅក្នុងទឹកដីប្រទេសឡាវ។
វាលធំស្ថិតនៅចម្ងាយប្រមាណ៣២គីឡូម៉ែត្រពីទីរួមស្រុកតាវែង នៃខេត្តរតនគិរី។ គេអាចធ្វើដំណើរតាមមធ្យោបាយ២គឺថ្មើរជើង និងម៉ូតូ។ បើតាមថ្មើរជើង គេអាចប្រើពេលពី២ទៅ៣ថ្ងៃ ដោយឆ្លងកាត់អូរជាច្រើន និងដើរលើស្ថានភាពផ្លូវឡើងចុះភ្នំជាច្រើនតែមិនសូវជាលំបាកខ្លាំងនោះទេ។ ការធ្វើដំណើរតាមម៉ូតូប្រើរយ:ពេលប្រមាណ ៦ទៅ៧ ម៉ោង ដោយចេញពីទីស្នាក់ការបរិស្ថានស្រុកតាវែង។ ទោះការធ្វើដំណើរតាមម៉ូតូប្រើរយ:ខ្លី តែវាក៏មានការលំបាកខ្លះដែរ ដូចជាការឆ្លងកាត់ព្រៃឫស្សី ផ្លូវរលាក់ខ្លាំង ដោយត្រូវឡើងចំណោតចោតៗខ្លាំងដែលយើងត្រូវចុះដើរនៅដំណាក់ខ្លះ និងជិះម៉ូតូឆ្លងទឹកអូរជាច្រើនជាដើម។
វាលធំមានទំហំប្រមាណ១០៣០ហិកតា (តួលេខបង ជួន ភិរម្យ) លាតសន្ធឹងលើឃុំពីរគឺឃុំកោះប៉ង់ ស្រុកវើនសៃ ខេត្តរតនគិរី និងឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី និងជាផ្នែកមួយនៃឧទ្យានជាតិវីរជ័យដែលមានផ្ទៃដីសរុប៣៣២.៥០០ហិកតា (ព្រះរាជក្រឹត្យថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣)។ តាមអ្នកភូមិបានតំណាលថាមានអ្នកចំការម្នាក់ឈ្មោះដូម៉ាម និងប្រពន្ធជនជាតិឡាវបានមកធ្វើចំការនៅម្តុំវាលធំនេះ។ ដូម៉ាមមានឆ្កែមួយក្បាលដែលកាចខ្លាំង ហើយឧស្សាហ៍ខាំគេឯងដែលដើរកាត់ចំការរបស់គាត់។ ហេតុនេះហើយទើបគាត់កាយរូងមួយនៅលើភ្នំដើម្បីលាក់កូនឆ្កែទើបកើតកូន ចៀសវាងកុំឲ្យឆ្កែនោះខាំអ្នកភូមិផ្សេងទៀត។ ភ្នំដែលដូម៉ាមកាយរូងនោះត្រូវបានគេហៅឈ្មោះថាភ្នំរូងខ្លា ដោយខ្លានោះគឺសំដៅទៅលើឆ្កែរបស់ដូម៉ាមនោះឯង។ ចំណែកភ្នំខ្លងខ្លៀវ បើតាមអ្នកភូមិគឺដោយសារភ្នំនោះធ្លាប់មានខ្លែងស្រាកហើរហើយយំនៅម្តុំនោះ។
ពេលទៅដល់វាលធំ គេនឹងឃើញមានវាលស្មៅដ៏ធំដែលមានភ្នំជាច្រើន។ គេអាចសម្រាកដោយបោះតង់នៅលើភ្នំក៏បាន ឬក៏សម្រាកនៅខាងក្រោមជិតប្រភពទឹកក៏បាន។ នៅវាលធំមានភ្នំជាច្រើនដែលគេអាចដើរឡើងដើម្បីមើលទេសភាព តែភាគច្រើនគេនិយមទៅភ្នំខ្លងខ្លៀវ និងភ្នំរូងខ្លា។ នៅលើវាលធំក៏មានបឹងមួយផងដែរ ដោយបឹងនេះភាគច្រើនអាចរីងស្ងួតក្នុងកំឡុងខែប្រាំង។ តែអ្នកទៅវាលធំគេមិនប្រើទឹកពីបឹងនេះទេ ភាគច្រើនគេប្រើទឹកពីអូរនៅក្បែរនោះច្រើនជាង។ គេក៏អាចទៅលេងកន្លែងមួយដែលអ្នកស្រុកហៅថាថ្មបាំង។ តាមអ្នកស្រុកគាត់ថាពីមុនគេឧស្សាហ៍ឃើញមានសត្វតេះ (អ្នកស្រុកហៅសត្វកែះ) វាមកលិឍថ្មនៅម្តុំនោះ។ ពីថ្មបាំងគេអាចមើលឃើញទន្លេសេសានត្រង់ស្រុកតាវែង និងភ្នំមួយដែលយើងធ្វើដំណើរឆ្លងកាត់មុនមកដល់វាលធំផងដែរ។
គួរដឹងថាការជ្រើសសម្រាកលើភ្នំគួរប្រើតង់ដោយសារគ្មានកន្លែងសម្រាប់ចងអង្រឹងនោះទេ តែអាចមើលទិដ្ឋភាពថ្ងៃរះនិងថ្ងៃលិចបានដោយសារអាចមើលទេសភាព៣៦០ដឺក្រេ។ សម្រាប់ការបោះតង់ គួរមានទ្រនាប់សម្រាប់គេងត្បិតមានថ្មច្រើនអាចធ្វើឲ្យឈឺខ្នង។ ការគេងសម្រាកនៅខាងក្រោមជិតប្រភពទឹក ងាយក្នុងការដាំស្ល និងងូតទឹក ហើយមានដើមឈើសម្រាប់ចងអង្រឹង និងមានម្លប់ជ្រកស្រួលពេលថ្ងៃក្តៅ។ គួរដឹងដែរថាកំឡុងខែវស្សានៅតំបន់នេះសំបូរសត្វទៀកច្រើន និងសត្វផ្សេងទៀតដូចតំបន់ព្រៃភ្នំសំកុស និងភ្នំទំព័រដែលស្ថិតនៅតាមជួរភ្នំក្រវាញដែរ។ ឯនៅខែប្រាំង ដោយសារវាលធំពោរពេញដោយវាលស្មៅ ដូចនេះវាងាយនឹងមានភ្លើងឆេះព្រៃ។
ដោយវាលធំជាផ្នែកមួយនៃឧទ្យានជាតិវីរ:ជ័យដែលជាឧទ្យានជាតិធំជាងគេក្នុងចំណោមឧទ្យានជាតិទាំង៧របស់កម្ពុជា វាសំខាន់ណាស់ដែលអ្នកដែលបានទៅដល់វាលធំត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សាបរិស្ថាន ក៏ដូចជាការគោរពចំពោះគុណតម្លៃនៃវប្បធម៌បងប្អូនជនជាតិដើមភាគតិច និងធម្មជាតិនៅទីនោះ។