ភ្នំទំព័រជាភ្នំខ្ពស់ជាងគេលំដាប់ទី៣នៅកម្ពុជា បន្ទាប់ពីភ្នំឱរ៉ាល់ និងភ្នំសំកុស។ ភ្នំនេះមានកំពស់ ១៥៥១ ម៉ែត្រ ស្ថិតនៅដែនជំរកសត្វព្រៃភ្នំសំកុស នៃភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រដែលបានបង្កេីតឡេីងក្នុងឆ្នាំ២០០៧ ទទួលស្គាល់ដោយក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាល មានតួនាទីយ៉ាងសំខាន់ក្នុងការការពារព្រៃឈើ និងសម្បត្តិធម្មជាតិនៅតំបន់នោះទាំងមូល។
នៅថ្ងៃទី១ យេីងចេញដំណេីរពីភ្នំពេញនៅពេលល្ងាចនិងបានទៅដល់ភូមិទំព័រនៅម៉ោង១០យប់។ ទោះបីភ្នំនេះមានកំពស់ទាបជាងភ្នំឱរ៉ាល់និងសំកុសក៏ពិតមែន តែភ្នំទំព័រជាភ្នំមួយដែលគេទទួលស្គាល់ជាទូទៅថាពិបាកឡេីងជាងគេដោយសារស្ថានភាពផ្លូវចោតខ្លាំង និងមានចំងាយឆ្ងាយ និងសំបូរសត្វទៀកនៅរដូវភ្លៀងធ្លាក់។ វិធីតែមួយគត់ដែលអាចឡេីងភ្នំនេះបានគឺតាមរយៈថ្មេីរជេីងដោយចេញដំណេីរពីភូមិទំព័រទៅដល់ព្រៃឫស្សីជេីងភ្នំមានចំងាយប្រមាណ៣គីឡូម៉ែត្រ។ តាមផ្លូវពីភូមិទៅជេីងភ្នំគេឃេីញមានចំការដំណាំប្រជាពលរដ្ឋជាច្រេីនដូចជាដំឡូង និងល្ហុងជាដេីម។ ចាប់ពីចំណុចចូលព្រៃឫស្សី ស្ថានភាពផ្លូវគឺចោតខ្លាំងតែម្តង ដោយមានចំងាយ១គីឡូម៉ែត្រទេីបទៅដល់ជំរំទី១។ ជំរំទី១ ជាជំរំមួយមានទេសភាពស្អាត និងស្រឡះល្អប៉ុន្តែមិនមានទឹកប្រេីប្រាស់ទេ។ សម្រាប់អ្នកចង់ស្នាក់នៅជំរំនេះត្រូវយកទឹកពីក្រោមទៅ។
ចេញពីជំរំទី១ ទៅជំរំទី២ យេីងត្រូវដេីរឡេីងចំណោតធំៗ៣ ដែលសុទ្ធសឹងតែជាចំណោតខ្លាំងៗ ជាពិសេសចំណោតទី២។ ឧបសគ្គត្រង់ចំណុចនេះគឺចំណោតខ្លាំង ហេីយផ្លូវមានស្ថានភាពរអិលដោយសារគ្រាប់ថ្មតូចៗ និងស្លឹកឈេី។ កំណាត់ផ្លូវនេះមានចំងាយប្រហែល៤គីឡូម៉ែត្រ ដោយជាមធ្យមគេចំណាយពេលប្រមាណ២-៣ម៉ោងដេីម្បីដេីរដល់ជំរំទី២។
មកដល់ជំរំទី២ ស្ថានភាពជាប្រភេទព្រៃស្រោងដែលមានដេីមឈេីធំៗខ្ពស់ៗ។ ពីតំបន់នេះទៅដល់កំពូលភ្នំជាតំបន់ដែលសំបូរទៀកផងដែរ។ ជាទូទៅ គេបោះជំរំនិងស្នាក់នៅជំរំនេះដេីម្បីឡេីងទៅកំពូលភ្នំ។ ប៉ុន្តែដោយសារគោលដៅរបស់យេីងគឺទៅពេីកវាលប្រេីស ដូចនេះយេីងបន្តដំណេីរទៅជំរំទី៣បន្តទៀត។ ពីជំរំទី២ដល់ជំរំទី៣ គឺមានចំងាយប្រមាណ៣គីឡូម៉ែត្រទៀត ដោយឆ្លងកាត់ភ្នំតូចៗ២-៣ទៀត។ គួរបញ្ជាក់ផងដែរថាជំរំទី៣នេះយេីងដាក់ឈ្មោះថាជំរំប៉ក់ឈុំ (ឈ្មោះបងប៉ក់ និងពូឈុំ) ដោយយេីងទៅបោះជំរំនៅទីនោះដំបូងនៅឆ្នាំ២០២៣ពេលយេីងទៅស្វែងរកពេីកវាលប្រេីស៥ដំបូង។
ក្រុមរបស់យេីងដេីរមកដល់ជំរំទី២នៅម៉ោង២រសៀលជាង។ ក្រុមពួកយេីងចាប់ផ្តេីមការងាររៀងៗខ្លួនដោយអ្នកខ្លះធ្វេីរោងចងអង្រឹង អ្នកខ្លះរៀបចំដាំបាយ ធ្វេីម្ហូប ហេីយអ្នកខ្លះទៀតកាយដីយកទឹកប្រេី។ ដោយសារខែដែលយេីងទៅជាខែប្រាំង ដូចនេះមិនមានទឹកអូរសម្រាប់ប្រេីប្រាស់និងផឹកនោះទេ។ យេីងត្រូវកាយដី២ កន្លែង សម្រាប់យកទឹកប្រេី។ បន្ទាប់ពីកាយហេីយយេីងទុកវាចោលប្រហែលមួយម៉ោង រួចមកដងទឹកដាក់ចូលធុងដោយប្រេីស្បៃចម្រោះស្លឹកឈេីនិងកម្ទេចដីតូចៗ។ រួចមកយេីងយកទឹកនោះទៅដាំរឺច្រោះដោយប្រេីឧបករណ៍ចម្រោះទឹក។
នៅព្រឹកថ្ងៃទី៣ យេីងក្រោកពីព្រលឹម រៀបចំវេចខ្ចប់បាយនិងទឹក រួចដេីរឡេីងទៅកំពូលភ្នំ។ តាមផ្លូវជិតដល់កំពូលភ្នំយេីងប្រទះឃេីញឆ្អឹងសត្វខ្ទីងដែលព្រានព្រៃបានសម្លាប់យកសាច់។ ចេញពីទីនោះ យេីងបន្តទៅកំពូលភ្នំ ថតរូបជុំគ្នារួចបន្តទៅពេីកវាលប្រេីសទៀត។ ពីចំណុចកំពូលភ្នំទំព័រទៅពេីក យេីងដេីរតាមពួរចុះចំណោតរហូត។ ស្ថានភាពផ្លូវមិនជាលំបាកណាស់ណានោះទេ។ តាមផ្លូវយេីងដេីរកាត់តំបន់ដែលសំបូរដោយដេីមស៊ីម្លី។ ដេីមស៊ីម្លី (ឈ្មោះអ្នកស្រុកហៅ) ជាប្រភេទដេីមឈេីធំៗស្រដៀងនឹងដេីមច័ន្ទគិរីដែរ។
ពេីកវាលប្រេីស៥ មានចំងាយជាង៣គីឡូម៉ែត្រពីកំពូលភ្នំទំព័រ ដោយមានបណ្តោយ០០ម៉ែត្រ និង ទទឺង ៨៥ម៉ែត្រ។។ ពេីកនេះជាតំបន់វាលធំមួយដែលគ្របដណ្តប់ដោយស្មៅក្រាស់ខ្មឹក មានទឹកនៅពីក្រោម។ ទៅដល់ពេីកវាលប្រេីស៥ យេីងបានឈប់សម្រាកបាយថ្ងៃត្រង់នៅទីនោះ និងបានដេីរមេីលពីម្ខាងនៃពេីកទៅចុងម្ខាងទៀត។ យេីងប្រទះឃេីញមានអន្ទាក់សត្វចំនួន៣ ដែលគេទេីបដាក់ថ្មីៗ ហេីយពួកយេីងក៏បានកម្ទេចអន្ទាក់ទាំងនោះចោលផងដែរ។ អន្ទាក់ទាំងនោះជាប្រភេទអន្ទាក់ដាក់សំដៅលេីសត្វធំៗដូចជាខ្ទីង និងទន្សោងជាដេីម។ ពួកយេីងមានការព្រួយបារម្ភជាខ្លាំងដោយសារទីនោះជាតំបន់ប្រជុំសត្វព្រៃជាច្រេីនមករកចំណីនិងផឹកទឹក។ ពួកយេីងសំណូមពរឱ្យមានការល្បាតនៅទីនោះ ដេីម្បីលុបបំបាត់ការដាក់អន្ទាក់និងប្រមាញ់សត្វព្រៃនៅទីនោះជាស្ថាពរ។
នៅថ្ងៃទី៤ យេីងបានរៀបចំនិងសំអាតជំរំ និងចេញដំណេីរចុះពីភ្នំមកវិញនៅម៉ោង៩ព្រឹក។ ពួកយេីងឆៀងចូលងូតទឹកលេងនៅអូរក្បែរជេីងភ្នំពេលចុះមកវិញ។ តាមផ្លូវដេីរទៅភូមិ យេីងបានជួបបប្រុសម្នាក់ជាម្ចាស់ចំការល្ហុងនៅទីនោះ។ គាត់បានឱ្យយេីងបេះល្ហុងទុំនៅចំការរបស់គាត់ទៀតផង។
ដំណេីរផ្សងព្រេងទៅកំពូលភ្នំទំព័រ និងពេីកវាលប្រេីសលេីកនេះបានបញ្ចប់ទៅប្រកបដោយជោគជ័យនិងសុខសុវត្ថិភាព។ សូមអរគុណក្រុមការងារទាំងមូលមានដូចជា ថន ហួត បងប៉ក់ ពូឈុំ ឡៃ បងរ៉េន ថេង និងហ្គាយ២នាក់ពីខ្នងផ្សារគឺបងប៉ិប និងបងប៉េង។