តៃវ៉ាន់ជាដែនកោះដ៏ស្រស់ស្អាតមួយ។ ប្រជាជននៅទីនេះរួសរាយរាក់ទាក់ និងស្មោះត្រង់គួរអោយរាប់អាន។ គ្រាន់តែមកដល់ទីនេះភ្លាម ខ្ញុំមានអារម្មណ៍ថាពួកគេគួរអោយស្រលាញ់ ពួកគេជួយយកអាសារគ្នា ខុសពីគឺគឺដែលមកស្រុកយើងឆ្ងាយណាស់។ ពេលចេញពីព្រលានយន្តហោះ ខ្ញុំសម្រេចចិត្តជិះរថភ្លើងដើម្បីមកកាន់ក្រុងតៃប៉ិ តែចៃដន្យអីជិះខុសខ្សែ។ ខ្ញុំចុះពីរថភ្លើងដើម្បីប្តូរខ្សែមួយទៀតដែលឈប់នៅជិតកន្លែងខ្ញុំគេង។ ខ្ញុំបានសួរស្ត្រីម្នាក់ដែលឈរក្បែរនោះ គាត់បានប្រាប់ពីខ្សែរថភ្លើងដែលខ្ញុំត្រូវឡើង តែអ្វីដែលធ្វើអោយខ្ញុំលួចញញឹមនិងសរសើរក្នុងចិត្តនោះគឺថាគាត់នៅចាំរហូតដល់ខ្ញុំឡើងរថភ្លើងដើម្បីប្រាកដថាខ្ញុំឡើងរថភ្លើងត្រូវ ទើបគាត់ចុះទៅជាន់រថភ្លើងរបស់គាត់។ មនុស្សភាគច្រើនប្រាកដជាបានត្រឹមប្រាប់ហើយគេក៏ដើរចេញទៅបាត់ហើយ។
ដើម្បីរៀបរាប់ពីតៃវ៉ាន់អោយខ្លីនិងងាយយល់នោះគឺខ្ញុំសុំប្រៀបធៀបទីនេះទៅនឹងប្រទេសជប៉ុននិងសិង្ហបុរីអញ្ចឹងដែរ។ បើនិយាយពីមធ្យោបាយធ្វើដំណើរសាធារណៈវិញគឺសឹងតែល្អឥតខ្ចោះ។ រថភ្លើងក្នុងក្រុងគឺស្អាតមានអនាម័យ ទៀតទាត់ និងតម្លៃថោក។ និយាយពីតម្លៃវិញគឺថោកជាងរថភ្លើងនៅជប៉ុន ញូវយ៉ក និងស៊ីដនីទៀត។ នៅទីនេះគេអត់មានតម្លៃសម្រាប់ជនបរទេសផ្សេងអីទេ គឺតម្លៃមួយសម្រាប់ទាំងអស់គ្នា។
ទោះបីជាទីនេះប្រើប្រាស់ភាសាចិនកុកងឺ តែយើងក៏អាចប្រើភាសាអង់គ្លេសបានច្រើនដែរ។ ពេលមកទីនេះ យើងមានអារម្មណ៍ថាមានសុវត្ថិភាព ចង់ដើរទៅណាក៏បានដែរ ពេលថ្មើរណាក៏បាន។ ពេលទិញឥវ៉ាន់ក៏អត់មានអារម្មណ៍ថាខ្លាចគេកោរអីដែរ សំខាន់យើងទិញតែរបស់ថោកៗ មួយ២ ៣រៀលអីទៅបានហើយ ទោះគេកោរក៏បានតែតិចតួចដែរ ហាហា។ តែតាមពិតទៅ ទៅទីនោះ៥ថ្ងៃ ខ្ញុំគ្មានទិញអីក្រៅពីរបស់ញ៉ាំទេ។ ម្ហូបញ៉ាំដែលគេលក់តាមផ្លូវហ្នឹងគឺឆ្ងាញ់ៗណាស់។
និយាយពីកន្លែងដើរលេងវិញ ខ្ញុំទៅវិមានជៀងខាយឈៀកដែលនៅកណ្តាលក្រុងតៃប៉ិ តំបន់ភូមិបុរាណ ក្រុងចាស់ជីវហ្នឹន(九份)ហាងតែគុជដំបូងគេនៅលើពិភពលោក ភូមិឥន្ធនូ និងកន្លែងតូចៗជាច្រើនទៀត។ និយាយរួមខ្ញុំបានទៅតំបន់ភាគខាងលិចនៃតៃវ៉ាន់។ បើមានឱកាសទៅលើកក្រោយ ខ្ញុំនឹងទៅតំបន់ភាគខាងកើតវិញម្តង។ អូភ្លេចប្រាប់អ្នកទាំងអស់គ្នាថានៅតៃវ៉ាន់គេអត់និយាយខ្មែរទេ។ តិចច្រលំនិយាយខ្មែរដាក់គេអី គេស្តាប់អត់បានទេ។ សូមអរគុណ សូមជម្រាបសួរ។