ញូវយ៉ក

ញូវយ៉កជាទីក្រុងដ៏គួរអោយស្រលាញ់។ វាជាទីកន្លែងដែលទោះបីជាទៅច្រើនដងយ៉ាងណាក៏នៅមានអារម្មណ៍ថាចង់ទៅទៀតដែរ។ និយាយពីឈ្មោះញូវយ៉ក យើងនឹកឃើញដល់ទិដ្ឋភាពទីក្រុងដ៏អ៊ូអរ ជាពិសេសដងផ្លូវ និងអាគារដែលគេតុបតែងលាយឡំជាមួយនឹងចម្រៀងសម្រាប់បុណ្យគ្រីស្មាស់។ មនុស្សភាគច្រើនប្រាកដជានឹកដល់ខ្សែភាពយន្តល្បីមួយចំនួន ដូចជា រឿង Home Alone ជាដើម។

តាមពិតទៅ ក្នុងអត្ថបទនេះ ខ្ញុំមិនរៀបរាប់ពីទីកន្លែងល្បីៗដូចជា Statue of Liberty រឺក៏ Times Square នោះទេ ព្រោះបើយើងហ្គូគហ្គលនៅលើអ៊ីនធើនែតមានអត្ថបទជាច្រើននិយាយពីទីកន្លែងទាំងអស់នោះ។ អ្នកទីក្រុងញូវយ៉កមួយចំនួននិយាយថាគាត់អត់ដែលបានទៅលេងនៅ Statue of Liberty ទេ ព្រោះទីនោះសម្រាប់តែអ្នកទេសចរទេបានគេទៅលេង។ ដូចនេះ ខ្ញុំនឹងនិយាយត្រួសៗពីបទពិសោធខ្ញុំហើយនិងកន្លែងមួយចំនួនដែលមិនសូវល្បីវិញ។

អ្វីដែលខ្ញុំចូលចិត្តជាងគេនៅញូវយ៉កគឺភាពសម្បូរបែបនិងភាពចម្រុះនៃវប្បធម៌របស់ជាតិសាសន៍មកពីគ្រប់ជ្រុងនៃពិភពលោក។ ជាពិសេសគឺសម្បូរម្ហូបឆ្ងាញ់ៗ និងប្លែកៗមកពីគ្រប់តំបន់នៃពិភពលោក។ អូ ខ្ញុំភ្លេចនិយាយពីអាហារដែលខ្ញុំចូលចិត្តប្រចាំញូវយ៉ក។ ទាំងអស់គ្នាអាចសាកទាយបានទេថាខ្ញុំចូលចិត្តញ៉ាំអ្វីជាងគេនៅទីនោះ?

ចម្លើយគឺលៀសហាល។ ហាហា និយាយលេងទេ។ ខ្ញុំដើររកមើលទិញដែរតែអត់ឃើញមានគេលក់ទេ។ ភីហ្សានៅទីនោះឆ្ងាញ់ណាស់ ហើយធូរថ្លៃទៀត។ ញ៉ាំត្រឹមមួយរឺក៏ពីរចំណិតអីអាចឆ្អែតល្មម ហើយអស់ត្រឹម១ដុល្លាអីទេ។ ហាងដែលខ្ញុំចូលចិត្តញ៉ាំជាងគេគឺហាងភីហ្សាមួយនៅជិតច្រកចេញចូលរថភ្លើងក្រោមដីនៅ Groove Street។

អ្នកក្រុងនេះមិនសូវរួសរាយរាក់ទាក់ប៉ុន្មានទេ តែពួកគេជួយយកអាសារគ្នាណាស់ ជាពិសេសពេលមានគ្រាអាសន្នអីមួយកើតឡើង។ មានពេលមួយនោះខ្ញុំទៅអង្គុយលេងនៅ សួន Bryant Park ដែលនៅជិត Times Square។ គេមានដាក់សៀវភៅជាច្រើនសម្រាប់អោយអ្នកទៅលេងទៅនោះ។ ទាំងអស់គ្នាសាកស្រមៃទិដ្ឋភាពយើងអង្គុយក្រោមដើមឈើធំៗ ខ្ពស់ៗ អានសៀវភៅ ជាមួយកាហ្វេមួយកែវលើតុ។ ខ្ញុំគិតថាយើងអាចយកចំណុចល្អនេះមកធ្វើនៅក្រុងយើងបាន។

ចំនុចមួយទៀតដែលខ្ញុំចូលចិត្តញូវយ៉កគឺទីនេះជាឋានសួគ៌សម្រាប់អ្នកចូលចិត្តថតរូប។ មិនថាអ្នកចូលចិត្តថតរូបបែបម៉េចនោះទេ នៅទីនេះមានទេសភាពដែលអ្នកចង់ថតគ្រប់យ៉ាងរាប់តាំងពី Street photography រឺក៏ទេសភាពពេលថ្ងៃលិចជាដើម។

មានកន្លែងមួយដែលអ្នកទេសចរមកលេងញូវយ៉កមិនសូវស្គាល់ នោះគឺ Liberty State Park។ កន្លែងនេះយើងអាចមើលឃើញManhattan ប៉ែកខាងត្បូងបានយ៉ាងពេញភ្នែក ជាពិសេសនោះគឺ One World Trade Centre ដែលជាអាគារពាណិជ្ជកម្មពិភពលោកថ្មីដែលគេសាង់សង់ជំនួសអាគារភ្លោះដែលបានរំលំនៅឆ្នាំ២០០១ដោយយន្តហោះបំបុក។ នៅទីនេះមានចំណុចច្រើនដែលយើងអាចថតបានរូបស្អាតៗហើយប្លែកភ្នែកពីរូបភាគច្រើនដែលស្គាល់ពីញូវយ៉ក។