ដាក់ដាំ

តំបន់ទឹកធ្លាក់ដាក់ដាំជាតំបន់អេកូទេសចរណ៍ដ៏ស្រស់ស្អាតមួយដែលលាក់ខ្លួនក្នុងព្រៃជ្រៅនៅភាគឦសាននៃប្រទេសកម្ពុជាដែលមនុស្សភាគច្រើនមិនសូវបានស្គាល់។ ទឹកធ្លាក់នេះស្ថិតនៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយវាក៏ជាប្រភពទឹកនៃទឹកជ្រោះប៊ូស្រាដែលជាផ្នែកមួយនៃតំបន់ដែនជម្រកការពារសត្វព្រៃភ្នំណាំលៀផងដែរ។

តំបន់អេកូទេសចរណ៍នេះស្ថិតនៅក្រោមការពារគ្រប់គ្រង និងអភិរក្សរបស់សហគមន៍អេកូទេសចរណ៍ដាក់ដាំដែលត្រូវបានបង្កើតឡើងក្នុងកំឡុងឆ្នាំ២០០២-២០០៣។

ដាក់ដាំគឺជាឈ្មោះជនជាតិដើមភាគតិចពូនងដែលគេហៅតាមទឹកអូរមួយកន្លែងជាសំនៀងដើមថា “Dhak Dham” ប៉ុន្តែសព្វថ្ងៃហៅជាសំនៀងខ្មែរថា “ដាក់ដាំ” ដែលមានន័យថាដីដែលអាចកើតភោគផលក្នុងការដាំដុះ។ នៅក្នុងសម័យអាណានិគមបារាំង ឃុំដាក់ដាំត្រូវបានដាក់ឈ្មោះថា “កង់កាឡង់” ដែលមានន័យថាវាលទំនាប។

ដើម្បីធ្វើដំណើរទៅកាន់ទឹកធ្លាក់ យើងត្រូវជិះគោយន្តចេញពីភូមិពូឆប និងចំណាយពេលប្រហែលជិត២ម៉ោងដើម្បីទៅដល់ជំរុំ។ មុនទៅដល់ជំរុំ យើងត្រូវឆ្លងអូរមួយដែលសរសេរតាមសំនៀងខ្មែរថា “លែងរ៉ាញួល”។

បន្តពីជំរុំទៅកាន់ទឹកធ្លាក់ដាក់ដាំ យើងមានផ្លូវ២ជម្រើស។ ទីមួយគឺយើងដើរតាមភ្នំ និងទី២ដើរតាមអូរដែលយើងត្រូវដើរលុយទឹក និងកន្លែងខ្លះត្រូវតោងឡើងតាមទឹកធ្លាក់។ ពួកយើងជ្រើសយកជម្រើសទី២។ តាមផ្លូវដែលយើងដើរមានសភាពរអិល និងពិបាកទប់ខ្លួនដោយសារចរន្តទឹកហូរ។ ស្ទើរតែគ្រប់គ្នាទាំងអស់ក្នុងក្រុមសុទ្ធតែរអិលដួលក្នុងទឹក យ៉ាងហោចណាស់ក៏ម្តងដែរ។ ម្យ៉ាងទៀតពេលខ្លះយើងត្រូវជួបសត្វដែលយើងមិនសូវចូលចិត្ត នោះគឺសត្វទៀក។ សត្វទៀកនៅទីនេះមានមិនសូវច្រើនទេ ហើយមានទំហំតូចជាងទៀកនៅភ្នំទំព័រ។

ទោះជាការដើរតាមអូរមានភាពលំបាកខ្លាំងនិងប្រើពេលយូរជាងដើរតាមភ្នំ តែវាអាចអោយយើងទទួលបានបទពិសោធន៍ល្អៗជាច្រើនដូចជាការដើរលុយទឹក របៀបឆ្លងអូរជាក្រុម ជាពិសេសបានឃើញទេសភាពស្អាតៗប្លែកភ្នែកដែលកម្របានជួបដូចជាថ្មប៉ប្រះទឹកលាយឡំជាមួយស្លឹកឈើដែលជ្រុះធ្លាក់មានពណ៌លឿង ហើយនៅកន្លែងខ្លះមានវល្លិ៍នៅកណ្តាលអូរដែលយើងអាចអង្គុយលេងបានទៀតផង។

ទឹកធ្លាក់១២ជាន់មានឈ្មោះជាភាសាបងប្អូនពូនងថា លែងរ៉ាសុខពេជ្រពង្ស (សរសេរតាមសំនៀងភាសាពូនង)។ ក្រៅពីទឹកធ្លាក់នេះ យើអាចទៅទស្សនាអណ្តូងស្នេហ៍ ហើយឃុំដាក់ដាំក៏មានសក្កានុពលទេសចរណ៍ផ្នែកទេសចរណ៍វប្បធម៌ដែលអាចអោយយើងស្វែងយល់ពីទំនៀមទំលាប់បងប្អូនជនជាតិពូនង(ព្នង) មានដូចជាជំនឿអ្នកតា ពិធីទាក់ទងនឹងស្រូវ ពិធីមង្គលការ ពិធីទាក់ទងនឹងសត្វព្រៃ និងពិធីផ្សេងៗទៀត។ ការទៅទស្សនាតំបន់ដាក់ដាំនឹងផ្តល់នូវបទពិសោធន៍ថ្មីនៃការផ្សងព្រេង ក៏ដូចជាចូលរួមចំណែកលើកស្ទួយជីរភាពបងប្អូនក្នុងតំបន់តាមរយៈការផ្តល់ការងារជូនបងប្អូនសហគមន៍ ជាពិសេសរួមចំណែកអភិរក្សការពារសម្បត្តិធម្មជាតិ និងវប្បធម៌របស់បងប្អូនជនជាតិដើមផងដែរ។