ភ្នំទំព័រ (២០១៩)
ភ្នំទំព័រស្ថិតនៅភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ វាមានកម្ពស់១៥៥១ ម៉ែត្រ និងចំងាយប្រមាណ៣២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ភ្នំទំព័រ (អ្នកស្រុកមួយចំនួនហៅថាភ្នំសំព័រ) ជាភ្នំខ្ពស់ជាងគេលំដាប់ទី៣ នៅកម្ពុជាបន្ទាប់ពីភ្នំឱរ៉ាល់ និងភ្នំសំកុស។ ការធ្វើដំណើរទៅកាន់ទីនោះមានភាពងាយស្រួលតាមរយៈរថយន្តរហូតដល់ភូមិទំព័រ។ នៅទីនោះ មានសហគមន៍មួយឈ្មោះថាសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រដែលបានបង្កេីតឡេីងក្នុងឆ្នាំ២០០៧ ទទួលស្គាល់ដោយក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាល។ សហគមន៍នេះមានតួនាទីយ៉ាងសំខាន់ក្នុងការការពារព្រៃឈើនិងសម្បត្តិធម្មជាតិនៅតំបន់នោះទាំងមូល។
ពីភូមិទំព័រទៅកាន់ជំរុំទីមួយ យើងត្រូវដើរដោយប្រើពេលប្រហែល១ម៉ោងកន្លះ។ ស្ថានភាពផ្លូវឡើងភ្នំទំព័រមានសភាពពិបាកបន្តិចដោយសារវាចោតខ្លាំង រអិល ជាពិសេសពេលមានភ្លៀង។ បងប្អូនសហគមន៍បានបង្កាន់ដៃឫស្សីដើម្បីជួយសម្រួលការឡើងភ្នំដោយសារដំណាក់នេះផ្លូវចោតខ្លាំង។
នៅជំរុំទីមួយ យើងអាចមើលទេសភាពយ៉ាងស្រស់ស្អាត។ អាកាសធាតុនៅទីនេះផ្លាស់ប្តូរលឿន ពេលខ្លះមេឃស្រឡះ ហើយពេលខ្លះទៀតប្រែជាចុះអ័ព្ទភ្លាមៗ។ អ្នកដែលចូលចិត្តមើលផ្កាយប្រាកដជាចូលចិត្តជំរុំទី១ ដោយសារយប់ឡើងយើងមើលឃើញកញ្ចុំផ្កាយ(milky way) យ៉ាងច្បាស់បើមេឃស្រឡះ។ សូមបញ្ជាក់ថានៅទីនេះយើងអត់អាចងូតទឹកបានទេដោយសារប្រភពទឹកនៅរៀងឆ្ងាយហើយទឹកតិចពេក។
ពីជំរុំទី១ទីកាន់ជំរុំទី២ យើងត្រូវប្រើពេលប្រហែល៤ទៅ៥ម៉ោង។ តាមផ្លូវទីជំរុំទី២ជាដំណាក់ផ្លូវដែលសម្បូរដោយទេសភាពស្អាតៗច្រើន ហើយក៏ជាដំណាក់ផ្កូវដែលវែងជាងគេផងដែរក្នុងការឡើងភ្នំទំព័រ។ ចំណុចដែលល្អគឺថាស្ថានភាពផ្លូវមិនសូវចោតខ្លាំងនោះទេ។
ចូលដល់ជំរុំទី២ ជាតំបន់ព្រៃក្រាស់ដែលត្រជាក់ហើយសើម។ មកដល់ជំរុំទី២ភ្លាមយើងមានអារម្មណ៍មួយប្លែកដោយសារទីនេះហ៊ុំព័ទ្ធដោយដើមឈើធំៗនិងក្រាស់។ នៅទីនេះមានអូរមួយហូរកាត់។ ទឹកនោះយើងអាចផឹកបាន និងយកមកប្រើប្រាស់ដាំស្លបាន។ ទីនេះសម្បូរសត្វទៀកច្រើន។