តំបន់អភិរក្សសហគមន៍ភ្នំត្នោត
ដែនអភិរក្ស ភ្នំត្នោត BeTreed Adventures
អារម្មណ៍ជាពាក្យសាមញ្ញមួយ តែមានពេលខ្លះយើងពិបាកនឹងដឹងថាវាជាអ្វីឲ្យប្រាកដ។ វាប្រៀបដូចជាខ្យល់ដែលវិលវល់នៅក្នុងអាកាស ដែលយើងដឹងថាមានវត្តមានវា ប៉ុន្តែមិនមើលឃើញ រឺក៏សូម្បីតែចាប់វាក៏មិនបាន។ មានមនុស្សខ្លះមានអារម្មណ៍សប្បាយចិត្តនឹងអ្វីដែលយើងអាចមើលឃើញដូចជាសម្ភារ:ប្រើប្រាស់ លុយ ឡាន ផ្ទះ ជាដើម។ តែក៏មានមនុស្សខ្លះក៏សប្បាយចិត្តដោយអារម្មណ៍តូចៗ ដែលមនុស្សភាគច្រើនមើលរំលង។ អារម្មណ៍ដែលបានដើរក្នុងព្រៃជ្រៅ លឺសម្លេងសត្វក្នុងព្រៃ បានដកដង្ហើមវែងៗហើយជ្រៅចូលក្នុងសួត។ អារម្មណ៍ដែលបានឃើញសត្វព្រៃមួយចំនួនដែលត្រូវបានអភិរក្សដោយក្តីស្រលាញ់ពិតប្រាកដ និងយកចិត្តទុកដាក់។ មានមនុស្សមិនច្រើនទេដែលលះបង់យ៉ាងច្រើនដើម្បីធ្វើរឿងទាំងនេះឲ្យវាកើតឡើងជាការពិតបាន។ បេន ដេវីស និងគ្រួសាររបស់គាត់ ស៊ែរីន ដេវីស បានចាប់ផ្តើមធ្វើការងារនេះរយ:ពេលជាច្រើនឆ្នាំមកហើយ។ ពួកគេលះបង់ជីវិតបែបស៊ីវីល័យក្នុងទីក្រុងទំនើបនៅអាមេរិក ហើយមកសង់ផ្ទះមួយកណ្តាលព្រៃជ្រៅនៅខេត្តព្រះវិហារ។ គោលបំណងតែមួយគត់របស់ពួកគាត់គឺអភិរក្សព្រៃឈើនិងសត្វព្រៃនៅតំបន់នេះ។ បេន មកដល់កម្ពុជាដំបូងនៅឆ្នាំ១៩៩២ ហើយមកដល់ពេលនេះគាត់បានធ្វើការងារនេះជិតសាមសិបឆ្នាំហើយ។
តំបន់អភិរក្សភ្នំត្នោត ជាព្រៃសហគមន៍ដែលមានផ្ទៃដី ៦៤០០ ហិចតាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ ពេលមកដល់ទីនេះ អ្នកនឹងមានអារម្មណ៍កក់ក្តៅប្រៀបបានមកលេងផ្ទះរបស់អ្នកអញ្ចឹងដែរ។ កក់ក្តៅដោយសារភាពរួសរាយរាក់ទាក់របស់គ្រួសារបេនដោយពួកគេចាត់ទុកយើងប្រៀបដូចជាមិត្តជិតស្និទ្ធមកលេងផ្ទះពួកគាត់ដូច្នោះដែរ។ នៅទីនេះ យើងអាចឃើញផ្ទះដើមឈើដែលយើងមិនសូវងាយបានឃើញនៅកន្លែងផ្សេងទៀតនៅកម្ពុជា។ ពេលដើរក្នុងព្រៃភ្នំត្នោត យើងអាចឃើញដើមឈើធំៗ ដែលមានអាយុកាលរាប់រយឆ្នាំ ដូចជាដើមចំបក់ដែលមានអាយុជាង៥០០ឆ្នាំ ដើមជ្រៃដ៏ធំ ដើមស្ពង់ដែលមានទំហំប្រហែលដើមដែលដុះនៅលើប្រាសាទតាព្រហ្មក្នុងខេត្តសៀមរាប និងដើមឈើជាច្រើនទៀត។ នៅទីនេះ យើងអាចឃើញសត្វព្រៃមួយចំនួនដូចសត្វទោច (ម៉ូលី) សត្វស្វាជាច្រើនប្រភេទ សត្វកំប្រុក សេះ ក្ងោក កាំប្រម៉ា និងសត្វជាច្រើនទៀត។ ហើយយើងក៏អាចជិះខ្សែរ៉កប្រវែងជាង៣០០ម៉ែត្រឆ្លងជ្រលងភ្នំត្នោតផងដែរ។ សាកស្រមៃយើងជិះខ្សែរ៉កហើយបានឃើញព្រៃដ៏ក្រាស់នៅជុំវិញខ្លួនយើង។ អារម្មណ៍ដ៏រីករាយបែបនេះពិបាកនឹងរកពាក្យមកសរសេររៀបរាប់ណាស់។
នៅទីនេះ យើងមានអារម្មណ៍ថាជាពេលដែលយើងបាននៅស្និទ្ធនឹងធម្មជាតិជាងពេលណាៗទាំអស់។ គ្រប់ពេលយើងលឺសូរសម្លេងសត្វព្រៃ ញ៊ាំអាហារបន្លែ ជាពិសេសគឺមានទោងខ្សែមួយនៅមុខផ្ទះបេនដែលយើងអាចជិះលេងបាន។ ខ្ញុំធានាថាជិះទោងនេះសប្បាយណាស់ ទោះបីជាវារាងវិលមុខបន្តិចពេលជិះលេងដំបូង តែរំភើបណាស់។ ខ្ញុំជឿថាអ្នកទាំងឡាយដែលបានមកដល់ទីនេះពិតជាមានអារម្មណ៍ថាចូលចិត្តទីនេះខ្លាំង សឹងតែមិនចង់ត្រលប់មកផ្ទះវិញទេ។ ទោះជាមកផ្ទះវិញ ក៏គង់ចង់ទៅលេងវិញម្តងទៀតជាមិនខាន។
សូមអរគុណដល់បេន និងស៊ែរីន ដែលបានទទួលស្វាគមន៍ដោយភាពកក់ក្តៅជាទីបំផុត។
អត្ថបទ និងរូបភាពដោយ onepixture.com
សហការដោយ Frez Coffee
គេហទំព័ររបស់បេន betreed.com